មូលនិធិអង្គការសង្គមស៊ីវិល

ជាទូទៅអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាពឹងផ្អែកទៅលើជំនួយពីបរទេស ឬសហគមន៍អន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០១៥មក មូលនិធិសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានជួបបញ្ហាប្រឈម ខណៈដែលជំនួយសម្រាប់ការអភិវឌ្ឍជាផ្លូវការ ត្រូវបានធ្លាក់ចុះប្រហែលជា១៤%។ មានម្ចាស់ជំនួយ និង អង្គការអន្តរជាតិមួយចំនួន បានផ្លាស់ប្តូរអាទិភាព និងជំនួយរបស់ខ្លួនចេញពីប្រទេសកម្ពុជា  ដោយសារតែកម្ពុជាមានកំណើនសេដ្ឋកិច្ច និងកម្រិតនៃភាពក្រីក្រមានការធ្លាក់ចុះ ព្រមទាំងបានកែប្រែមុខមាត់ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានរៀបចំ កម្មវិធីអភិបាលកិច្ច រយៈពេល៥ឆ្នាំ (២០១៧ - ២០២១) ដើម្បីជួយឲ្យអង្គការសង្គមស៊ីវិលមានឱកាសក្នុងការកៀរគរមូលនិធិ និងសម្រាប់ជួយនិរន្តរភាពហិរញ្ញវត្ថុ  តាមរយៈដូចជាការបង្កើតមូលនិធិសម្រាប់អង្គការសង្គមស៊ីវិល  និងការផ្តល់ការបណ្តុះបណ្តាលអំពីការកៀរគរធនធានជាដើម។  ដូច្នេះកម្មវិធីអភិបាលកិច្ច មិនមែនតែផ្តល់អត្ថប្រយោជន៍ដល់អង្គការ គ.ស.ក ប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងជួយដល់អង្គការសង្គមស៊ីវិល និងការអភិវឌ្ឍទាំងមូលផងដែរ។

បច្ចុប្បន្ននេះ អង្គការ  គ.ស.ក កំពុងអនុវត្តគម្រោងស្តីពី ការពង្រឹងសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយចីរភាពនៅកម្ពុជា  ដែលជាការផ្តល់ហិរញ្ញប្បទានរួមគ្នាដោយសហភាពអឺរ៉ុប (EU) និងអង្គការ Bread for the World (BfdW) សម្រាប់រយៈពេល ៤២ខែ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ទៅ។

គម្រោងនេះក៏នឹងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល ជាពិសេសអង្គការបណ្តាញតាមខេត្ត ដើម្បីទទួលបានមូលនិធិបន្ត។

តាមរយៈគម្រោងនេះ  អង្គការ  គ.ស.ក រំពឹងថាមូលនិធិសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានចងក្រងទុកជាឯកសារត្រឹមត្រូវ  និងធ្វើជាផែនទីធនធានសម្រាប់អង្គការសង្គមស៊ីវិល ម្យ៉ាងទៀតយើងនឹងរៀបចំជាប្រព័ន្ធ និងមានយន្តការច្បាស់លាស់សម្រាប់ប្រើ និងគ្រប់គ្រងមូលនិធិសម្រាប់អង្គការសង្គមស៊ីវិល ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍ  និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព  ហើយអនុសាសន៍ជាយុទ្ធសាស្ត្រ  សម្រាប់ការកៀរគររកមូលនិធិត្រូវបានចងក្រងឡើង។

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training