ប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តឯករាជ្យ

ជី ភី ភី គឺជាប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត និងឯករាជ្យ ដែលសម្របសម្រួលដោយគណៈកម្មាធិការសហប្រតិបតិ្តការដើម្បីកម្ពុជា (គ.ស.ក) ហើយ ជី ភី ភី ដើរតួរជាលេខាធិការដ្ឋាន។ ជី ភី ភី គឺជានិមិត្តសញ្ញានៃភាពជឿទុកចិត្តក្នុងការពង្រឹងអភិបាលកិច្ចល្អ វិជ្ជាជីវៈគណនេយ្យភាព និងតម្លាភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា តាមរយៈបទដ្ឋាន អភិបាលកិច្ចល្អ និងការអនុត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជា និងប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត។

បទដ្ឋានអភិបាលកិច្ចល្អ និងការអនុវត្តប្រកបដោយវិជ្ជាជីវៈសំរាប់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងតំាងពីឆ្នាំ ២០០៥ តាមរយៈការចូលរួមប្រឹក្សាយោបល់ពីគ្រប់ភាគីពាក់ពន្ឋ័ ដូចជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល។ នេះគឺជាការសម្រួលលើកទីបី ដែលមាន ៦ជំពូក ២៥បទដ្ឋាន ៧១សូចនករ និង៦៥គោលការណ៍ណែនំា។ សូមធ្វើការចុចនៅទីនេះសំរាប់ទាញយកបទដ្ឋាននេះ ជាភាសារខ្មែរ និង ភាសាអង់គ្លេស

ចាប់តំាងពីពាក់កណ្តាលឆ្នាំ ២០០៧ មកប្រព័ន្ឋវិញ្ញាបនបត្រត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីជួយគំាទ្រទៅដល់អង្គការ និងស្ថាប័ន ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ដើម្បីអនុវត្តតាមបទដ្ឋាន។

១. បុរេលក្ខខណ្ឌតម្រូវដើម្បីពិចារណាមុនការដាក់ពាក្យ

២. ពាក្យស្នើសុំ

៣. អត្ថប្រយោជន៍នៃប្រព័ន្ឋវិញ្ញាបនបត្រស្ម័គ្រចិត្ត

សម្រាប់អង្គការដែលមានបំណងចង់ធ្វើការដាក់ពាក្យ ជាដំបូងត្រូវតែធ្វើការត្រួតពិនិត្យមើលឡើងវិញនូវបុរេលក្ខខណ្ឌតម្រូវ ដើម្បីធានាគ្រប់តាមលក្ខខណ្ឌដែលបានកំណត់។ បន្ទាប់ពីអង្គការដែលដាក់ពាក្យបានបំពេញឯកសារតាមការស្នើសុំហើយ វាត្រូវបានបញ្ជូនទៅ ជី ភី ភី តាមទម្រង់ដែលបានកំណត់ និងតាមលំដាប់លំដោយ។

ការត្រួតពិនិត្យឯកសារបឋមត្រូវធ្វើឡើងដោយមន្រ្តីវិញ្ញាបនបត្រ។ ប្រសិនបើលក្ខខណ្ឌតម្រូវទាំងឡាយត្រូវបានបំពេញ បន្ទាប់មកពាក្យនោះត្រូវបានពិនិត្យមើលដោយក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ។ ជំហានបន្ទាប់ គឺជាការចុះត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋាន។ ក្រោយពីទទួលបានលទ្ឋផលនៃការចុះពិនិត្យជាក់ស្តែងនៅមូលដ្ឋាន លទ្ឋផលនេះត្រូវបានបង្ហាញជូនដល់គណៈកម្មាធិការអនុម័តការអនុវត្តក្រុមនៃអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការពិនិត្យមើលជាចុងក្រោយ។ ការពិនិត្យនេះអាចនំាដល់ទាំងការផ្តល់វិញ្ញាបនបត្រ ឬការផ្តល់អនុសាសន៍ ដើម្បីបំពេញបន្ថែមទៅលើបទដ្ឋានទាំងឡាយដែលត្រូវបានបំពេញតែមួយផ្នែកប៉ុណ្ណោះ។ អនុសាសន៍ទាំងនេះ ចំាបាច់ត្រូវឆ្លើយតបដោយអង្គការមិនមែនរដ្ឋាភិបាល ដែលដាក់ពាក្យ ស្ថិតនៅក្នុងរយៈពេលកំណត់ជាក់លាក់មួយ។ ប្រសិនបើអនុសាសន៍ទាំងនេះមិនត្រូវបានបំពេញនៅក្នុងរយៈពេល ១២ខែទេ នោះដំណើរការនេះ តម្រូវឲ្យចាប់ផ្តើមដាក់ពាក្យសុំជាថ្មីឡើងវិញ។

បច្ចុប្បន្ន វិញ្ញាបនបត្រមានសុពលភាពរយៈពេលបីឆ្នាំ។ អង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលបានវិញ្ញាបនបត្រ ត្រូវបានតម្រូវឲ្យផ្ញើរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍សវនកម្មរៀងរាល់ឆ្នាំ ក៏ដូចជាគោលនយោបាយថ្មីទាំងឡាយ ដែលបានរៀបចំឡើង។ ការចុះពិនិត្យតាមដានមើលនៅក្នុងអំឡុងពេលបានទទួលបានវិញ្ញាបនបត្រ ក៏ត្រូវបានកំណត់ធ្វើផងដែរ ដើម្បីវាយតម្លៃបញ្ហាប្រឈម និងការអនុវត្តតាមបទដ្ឋាន។ ប្រសិនបើការតាមដានត្រូវបានបង្ហាញថា អង្គការដែលកំពុងទទួលបានវិញ្ញាបនបត្រ បន្តរក្សាអនុវត្តនូវបទដ្ឋានដែលតម្រូវទាំងឡាយ ដើម្បីទទួលបានវិញ្ញាបនបត្រ អង្គការទាំងនេះនឹងត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រឡើងវិញសម្រាប់រយៈពេលបីឆ្នាំបន្តទៀត។ បើសិនការតាមដានបញ្ជាក់ច្បាស់ថា អង្កការដែលទទួលបានវិញ្ញាបនបត្រមិនរក្សាបាននូវបទដ្ឋានទាំងឡាយ មន្រ្តី ប្រព័ន្ឋវិញ្ញាបនបត្រនឹងធ្វើការជាមួយគណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីកំណត់ថា តើអង្គការដែលទទួលបានវិញ្ញាបនបត្រនឹងត្រូវអនុវត្តតាមជំហានគោលនយោបាយស្តីពីបណ្តឹងតវ៉ា។

ជី ភី ភី ត្រូវបានការគាំទ្រពីសំណាក់គណៈកម្មាធិការឯករាជ្យចំនួនពីរក្រុម៖ ក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ និងគណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងារត្រួតពិនិត្យគុណភាពឯកសារ គឺជាគណៈកម្មាធិការឯករាជ្យដែលចូលរួមក្នុងដំណើរការត្រូតពិនិត្យឯកសារ នៃអង្គការដាក់ពាក្យ ការប៉ានប្រមាណនៃការប្រតិបត្តិ និងការផ្តល់ប្រឹក្សាយោបល់ទៅដល់ក្រុមការងារ ជី ភី ភី។ គណៈកម្មាធិការអនុម័តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល គឺជាក្រុមគណៈកម្មាធិការឯករាជ្យ ដែលធ្វើការសម្រេចចិត្តចុងក្រោយលើ អង្គការដែលបានដាក់ពាក្យ រួមជាមួយគ្នាផងដែរនូវការផ្តល់អនុសាសន៍ក្នុងការបំពេញបន្ថែម និងអនុម័តលើវិញ្ញាបនបត្រ។

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training